ឪពុកអ្នកមាន​បង្រៀនកូនអ្នកក្រ

ភាពខុសគ្នារវាងទស្សនៈរបស់ឪពុកដែលជាអ្នកក្រនិងឪពុកដែលជាអ្នកមាន

             ខ្ញុំមានឪពុកពីរនាក់​។​ម្នាក់ជាអ្នកក្រ​ឯម្នាក់ទៀតជាអ្នក​មាន។​ពុកម្នាក់​(ពុកបង្កើតរបស់ខ្ញុំ)​មានការសិក្សាល្អ​ឈ្លាសវៃរៀនចប់បណ្ឌិត​។​ឯពុកម្នាក់ទៀត​(ឪពុករបស់មិត្តខ្ញុំ)​រៀនចប់ត្រឹមថ្នាក់ទី៨​តែប៉ុណ្ណោះ​។

             ពុកទាំងពីរទទួលជោគជ័យក្នុងអាជីពនិងការងារ​។គាត់ទាំងពីរធ្វើការធ្ងន់និងមាន​ចំណូលខ្ពស់​។​ប៉ុន្តែ​ពុកម្នាក់ជួបប្រទះនិងបញ្ហាលុយកាក់

ជាប់ជាប្រចាំអស់មួយជីវិត។ឯពុកម្នាក់ទៀតជាអ្នកមាន​។ម្នាក់លាចាកលោកនេះទៅ​ដោយបន្សល់លុយច្រើនសិបលានដុល្លា​ទុកឱ្យគ្រួសារ​និងផ្នែក

មនុស្សធម៌​។​ឯពុកម្នាក់ទៀតបាន​បន្សល់បំណុលដ៏ច្រើន​សន្ធឹកសន្ធាប់ទុកឱ្យទាយាទដែលមានជីវិតតរស់នៅ​។

          ​  បញ្ហាដែលបានចោទឡើងនៅពេលនោះគឺពុកខ្ញុំ​នៅទាន់មាន​និងមិនជាក្រនោះទេ​។​លោកទាំងពីរនាក់​នៅខ្វះប្រាក់កាស​នៅឡើយ​ព្រោះពេលនោះស្ថិតនៅ​ក្នុងរយៈពេលកសាងជីវភាព​និងលើកកំពស់សេដ្ឋកិច្ចគ្រួសារ​តែគាត់ទាំងពីរមានការយល់ឃើញពីរឿងលុយ

ខុសប្លែកពិគ្នាដាច់ស្រឡះ​មានដូចជាៈ

              ពុកក្រ​ប្រាប់ថា”ការស្រឡាញ់​លុយជាប្រភពនៃអំពើអាក្រក់”

              ពុកមានប្រាប់ថា”​ការខ្វះលុយជាប្រភពនៃអំពើអាក្រក់”។

​              រាល់ពេលដែលពុកបាននិយាយចប់ភ្លាម​ខ្ញុំតែងបានចោទសួរខ្លួនឯងជានិច្ចថា​តើហេតុអ្វីបានជាពុកនិយាយអ៊ីចឹង?​ជំនួសឱ្យការស្ដាប់បង្គាប់ភ្លាមៗ​ហើយសំនួរនេះ​វាបានបង្គាប់អោយខ្ញុំចេះវិភាគ​មុននឹងសំរេចចិត្តជ្រើសរើសយកគំនិតណាមួយ​ហើយ វាក៏ក្លាយជាវិធីដែលផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់រូបខ្ញុំ​។

​​​​              ហេតុផលដែលអ្នកមាន​កាន់តែមានឡើងៗ ហើយអ្នកក្រកាន់តែក្រទៅៗ ។​ រីឯមនុស្សថ្នាក់កណ្ដាលនៅតែនឿយហត់ក្នុងការរកលុយមកសង​បំណុល ព្រោះតែសាលារៀនមិនបានបង្រៀនវិជ្ជារឿងលុយកាក់ (ហិរញ្ញវត្ថុ)​ ដល់ក្មេងៗ ។​ បណ្ដោយឱ្យក្មេងៗរៀនសូត្រវិជ្ចានេះពីឪពុកម្ដាយ​ ។​តើមាន​ឪពុកម្ដាយដែលជាអ្នកក្រប៉ុន្មាននាក់​ទៅដែលដឹងថា​ នឹងត្រូវបង្រៀនអ្វីដល់កូនៗ​ ក្រៅពីការប្រាប់ឱ្យកូនខំរៀនឱ្យពូកែ? ក្មេងអាចប្រលងបានពិន្ទុល្អ​តែគេមិនបានដឹងពីវិធីសាស្ដ្រជាមូលដ្ឋានគ្រឹះសម្រាប់ចាត់ការរឿងលុយកាក់​នោះទេ។

               សាលារៀនមិនដែលបានបង្រៀនវិជ្ជាលុយកាក់ សាលារៀនបង្រៀន​តែវិជ្ជាជីវៈ ទើបយើងឃើញមេធាវី ឬគណនេយ្យករដែលពូកែរៗ​ឆ្លាត​តែមានបញ្ហារឿងលុយកាក់ជាប្រចាំ ។បញ្ហាសេដ្ឋកិច្ចរបស់ប្រទេសរមែងតែងកើតមកពីនយោបាយផ្នែកហិរញ្ញវត្ថុ​ និង​ការសំរេចចិត្តរបស់អ្នកនយោបាយ​ដែលជាអ្នកមាន​ការសិក្សាខ្ពស់ៗ ប៉ុន្តែខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ។ ខ្ញុំទ្រាំមិនគិតមិនបានថាបើមនុស្សរាប់លាននាក់ខ្វះការជួយសង្គ្រោះផ្នែកលុយកាក់​និងវេជ្ជសាស្ត្រ តើអនាគតនឹងទៅជាយ៉ាងណា? មនុស្សទាំងនោះត្រូវពឹងផ្អែកលើគ្រួសារនិងរដ្ឋាភិបាលដែលកំពុងទន់ខ្សោយ ព្រោះខ្វះលុយ ។​បើបណ្ដោយឱ្យក្មេងរៀនវិជ្ជាហិរញ្ញវត្ថុពីឪពុកម្ដាយដែលជាអ្នកក្រ​ឬកំពុងក្លាយជាអ្នកក្រនោះ​តើប្រទេសជាតិនឹងទៅជាយ៉ាងណា?

                ខ្ញុំមិនគ្រាន់តែបានរៀនសូត្រច្រើនយ៉ាងពីឪពុកទាំងពីរនាក់​នោះទេ គឺថែមទាំងបានឃើញថាទស្សនៈរបស់ពុកម្នាក់ៗមានឥទ្ធិពលដល់ដំណើរ​ជីវិតរបស់គាត់យ៉ាងណាខ្លះ មានដូចជា​ពុកម្នាក់ច្រើនតែនិយាយថា​ “មិនមានលទ្ធភាពនឹងទិញទេ” តែពុកម្នាក់ទៀតចូលចិត្ត​និយាយថា “តើធ្វើយ៉ាងណាទើបអាចទិញបាន” ល្បះដំបូងជាល្បះធម្មតា តែល្បះទីពីរជាល្បះសំនួរ។​ ល្បះដំបូងនិយាយហើយ​អ្វីៗគ្រប់យ៉ាងគ្រប់យ៉ាងត្រូវបាន​បញ្ចប់ ល្បះទីពីរនិយាយហើយ វាធ្វើឱ្យអ្នកត្រូវរិះគិតរកចម្លើយឱ្យឃើញ ។

                ពុកដែលកំពុងតែនឹងមានរបស់ខ្ញុំបានពន្យល់ថា បើសិនព្រមទទួលថាយើងមិនមានលទ្ធភាពនឹងទិញ នោះខួរក្បាលវានឹងឈប់គិត​ប៉ុន្តែពេល​ដែលត្រូវចោទសួរ​ នោះខួរក្បាលវានឹងចាប់ផ្ដើមធ្វើការ។ ពុកមិនមែនមានន័យថា​យើងត្រូវទិញអ្វីៗគ្រប់យ៉ាង​ដែលចង់បាននោះទេ ប៉ុន្តែពុកត្រូវការបង្ហាត់​ឱ្យខួរក្បាលធ្វើការគ្រប់ពេលវេលាប្រៀបបានទៅនឹងកុំព្យូទ័រ ។ ការហាត់ឱ្យខួរក្បាលធ្វើការច្រើននោះ​ ខួរក្បាលក៏កាន់តែមាំមួន ពុកក៏កាន់តែមានឡើងៗ​ដែរ។​ពាក្យថា “មិនមានលទ្ធភាពនឹងទិញ”​ជាការហាត់ឱ្យខួរក្បាលខ្ជិល​ គឺខ្ជិលគិត។

                ថ្វីបើពុកទាំងពីរនាក់ធ្វើការងារធ្ងន់ តែខ្ញុំសង្កេតឃើញថាពុកម្នាក់ច្រើនមិនចូលចិត្តគិតរឿងលុយ។​ស្របពេលនោះ​ឪពុកម្នាក់ទៀតគាត់ចូលចិត្ត​ហាត់ឱ្យខួរក្បាលធ្វើការ។​លទ្ធផលរយៈពេលវែង​ក្រោយមក គឺពុកម្នាក់មានស្ថិរភាពក្នុងរឿងលុយកាក់ តែពុកម្នាក់ទៀតស្ថិតក្នុងសភាពទន់ខ្សោយ ​ដែលវាហាក់ដូចជា​ មិនខុសប្លែកពី​ការហាត់ប្រាណ និង​ ការអង្គុយមើលទូរទស្សន៍ នោះទេ។​យើងហាត់ប្រាណដើម្បីឱ្យសុខភាពមាំមួន យើងប្រើខួរ​ក្បាលដើម្បីឱ្យមាន

               ពុកក្រ – រៀនឱ្យច្រើន ដើម្បីបានធ្វើការក្នុងក្រុមហ៊ុនដែលមានស្ថិរភាព។​

              ​ពុកមាន – រៀនឱ្យច្រើន​ដើម្បីនឹងបានទិញក្រុមហ៊ុនដេលមាន​ស្ថិរភាព។

               ពុកក្រ – ពុកមិនមាន​ព្រោះតែពុកមានកូន។

               ពុកមាន -​ពុកត្រូវតែមាន​ព្រោះពុកមានកូន។

                ពុកមាន​ចូលចិត្តនិយាយជជែកពីរឿងលុយកាក់ពេលពិសារបាយ។​ប៉ុន្តែពុកក្រ​ហាមនិយាយរឿងលុយកាក់ពេលពិសារបាយ។

                ពូកក្រ – រឿងមាសប្រាក់ត្រូវមានសុវត្ថិភាពជាមុន​។

                ពុកមាន – ត្រូវដឹងវិធីចាត់ការជាមួយនឹងការប្រថុយប្រថាន​។

                ពុកក្រ -​​ ផ្ទះជាការបណ្ដាក់ទុននិងជាទ្រព្យធំបំផុត​។

                ពុកមាន​ -​ ផ្ទះជាបំណុល​ហើយបើអ្នកណាគិតថា​ផ្ទះជាការបណ្ដាក់ទុនដ៏ធំបំផុតនោះ​គេពិតលំបាក។

​​                ពុកក្រ​ – ជឿលើការធ្វើជាបុគ្គលិកក្នុងក្រុមហ៊ុនល្អនិងការមានរដ្ឋាភិបាលមើលថែគ្រប់គ្នាក្នុងវ័យជរា​។ ពុកក្រ​ ពុកក្រច្រើនតែបារម្ភរឿងឡើង​ប្រាក់ខែ​ រឿងប្រាក់បម្រុងទុកសំរាប់ចិញ្ចឹមជីវិត​និង​ផលតបស្នងផ្សេងៗដែលក្រុមហ៊ុនរៀបចំទុកឱ្យ​។

                ពុកក្រព្យាយាមសំចៃលុយទុក​ ដើម្បីសន្សំលុយគ្រប់រៀលគ្រប់សេន​។​ចំណែកពុកមាន​ព្យាយាមប្រើលុយគ្រប់រៀលគ្រប់សេនដើម្បីការ​បណ្ដាក់ទុន​។​ពុកក្រ​ខំបង្រៀនវិធីសរសេរប្រវត្តិរូបយ៉ាងណាទើបអាចរកការអារបានធ្វើ​តែ​ពុកមាន​ខំបង្រៀនវិធីសរសេរគំរោងផែនការជំនួញយ៉ាង​ដូច​ម្ដេច​ទើបអាចបង្កើតការងារបាន​។​

                ទស្សនៈរបស់ពុកទាំងពីរធ្វើឱ្យខ្ញុំបានឃើញដំណើរជីវិតដែលខុសប្លែកគ្នា​ហើយអាចធ្វើការសន្និដ្ឋានវាយតម្លៃបានថា​ជីវិតមនុស្សខុសប្លែកពី​គ្នា​ព្រោះតែវីធីគិតរបស់មនុស្សម្នាក់ៗនោះឯង​ ដូចជា​ពុកក្រ​គិតថា​”ជាតិនេះ​ពិតជាគ្មានថ្ងៃមានបានទេ“​ទីបំផុតវាក៏ក្លាយជាករពិត។​​ចំណែកពុកមានគិតថា​ខ្លួនមាន​គាត់ច្រើនតែនិយាយថា​“អ្នកមានគេមិនធ្វើអីចឹងទេ”​ថ្វីបើគាត់មានការខាតបង់ខ្លះៗក្នុងពេលដែលស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ​។​ពុកមាន​តែងនិយាយាថាភាពជាអ្នកក្រនិងភាពជាអ្នកខាតបង់អស់ដើម វាខុសប្លែកពីគ្នា​ ត្រង់ការខាតបង់អស់ដើម ជារឿងបណ្ដោះអាសន្ន តែភាពក្រីក្រជារឿង​ឋិតថេរ។

               ពុកក្រ​ច្រើនតែនិយាយ​ថា​លុយ​មិនមែនជាអ្វីដែលសំខាន់​នោះទេ​។​ប៉ុន្តែពុកមាន​និយាយថា​លុយគឺជាអំណាច​។​ជាការពិតណាស់ដែលយើង​មិនអាចនឹងវាស់ឬមើលឃើញរូបរាងរបស់គំនិតបានតែខ្ញុំតែងតែមានការប្រុងប្រយ័ត្នគំនិតរបស់ខ្ញុំជានិច្ច​។ខ្ញុំជឿជាក់ពុកមិនមែនក្រព្រោះតែពុកមាន​ចំណូលតិចនោះទេ​តែពុកក្រព្រោះគំនិតដែលមានផលប៉ះពាល់ដល់រាល់ទង្វើរបស់ពុកខ្ញុំ ទេតើ!​ខ្ញុំក៏បានចាប់ផ្ដើមប្រុងប្រយ័ត្នគំនិតរបស់ខ្ញុំ​ហើយជ្រើស​រើសស្ដាប់តែអ្វីដែលផ្ដល់ជាប្រយោជន៍ដល់រាល់ទង្វើរបស់ខ្ញុំតែប៉ុណ្ណោះ​។

               ពុកទាំងពីរបានយល់ស្របគ្នាថា”ការសិក្សា​ជារឿងសំខាន់”។​ប៉ុន្តែយល់ផ្សេងគ្នាក្នុងរឿងមុខវិជ្ជាដែលគួររៀន​។​ពុកក្រយល់ថាខ្ញុំគួរតែខំរៀនឱ្យ​បានបរិញ្ញាបត្រដើម្បីនឹងបានប្រាក់ខែខ្ពស់។ពុកចង់ឱ្យខ្ញុំក្លាយជាអ្នកឯកទេស​អ្នកច្បាប់គណនេយ្យករ​ឬរៀនបន្តឱ្យបានអនុបណ្ឌិតផ្នែកគ្រប់គ្រង​។​ឯពុកមាន​ចង់ឱ្យខ្ញុំរៀនដើម្បីនឹងក្លាយជាអ្នកមាន ដើម្បីដឹងថាត្រូវប្រើលយុយឱ្យធ្វើការយ៉ាងដូចម្ដេច?

​​​​​​​​​​​​​​​​​​​​​               លុយ គឺជាអំណាច តែអ្វីដែលមានអំណាចលើសពីលុយទៅទៀតគឺការសិក្សាមុខវិជ្ជាហិរញ្ញវត្ថុ។លុយបានមកហើយអាចបាត់បង់ទៅវិញតែ​ចំណេះដឹងនិងការយល់ថា តើលុយធវើការយ៉ាងដូចម្ដេច?វានឹងជួយឱ្យយើងមានអំណាចលើលុយ ហើយប្រើវាសាងភាពមានបានឱ្យយើង។ ការគិត​បែបវិជ្ជមានតែម្យ៉ាងនៅមិនទាន់គ្រប់កគ្រាន់នៅឡើយទេ ព្រោះមនុស្សមិនធ្លាប់យល់ថាលុយធ្វើការយ៉ាងដូចម្ដេច​ទើបគេប្រើជីវិតពេញមួយជីវិតធ្វើការ​ដើម្បីតែលុយ។

               ពុកមានឱ្យមេរៀនដែលហាក់ដូចជាងាយតែ៦មេរៀនឱ្យខ្ញុំរៀនហើយរៀនទៀត រៀនឥតឈប់ឈរ………​ ​​​​​​            អស់លោកអ្នកនឹងបានអានមេរៀនទាំង៦នោះដែលជាមេរៀនងាយយល់នៅក្នុងសៀវភៅនេះ។​បណ្ដាមេរៀនទាំងនោះពុំមេនេជាចម្លើយតែវាជាគោល​គំនិតដែលអាចនឹងជួយលោកអ្នកនិងកូនឱ្យមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។

មេរៀនទី ១ អ្នកមានមិនធ្វើការដើម្បីលុយ

              ពុក!​តើធ្វើយ៉ាងដូចម្ដេចទើបខ្ញុំក្លាយជាអ្នកមាន?​ពុកខ្ញុំដាក់កាសែតចុះហើយសួរថាៈ

ហេតុអ្វីបានជាឯងចង់មាន?

ព្រោះថ្ងៃនេះ​ខ្ញុំឃើញម៉ែជិម​បើកឡានថ្មីនាំមិត្តបីនាក់ទៅលេងឯផ្ទះសំរាកលំហែកាយ តែគាត់មិនបានបបួលខ្ញុំទៅជាមួយទេ​គាត់ប្រាប់ថា​ព្រះតែ​យើងក្រ​ទើបគាត់មិនបបួល។

-គេនិយាយអ៊ីចឹងមែនឬ?… (ពុកសួរបញ្ជាក់។)

-បាទ!​គាត់និយាយអ៊ីចឹងមែន!    (ខ្ញុំឆ្លើយដោយអារម្មណ៍គ្រៀមក្រំ។)

ពុកគ្រវីក្បាល​រុញបង្ខិតវ៉ែនតា​ហើយងាកទៅអានកាសែតបន្តទៀតក្នុងពេលដែលកំពុងឈររង់ចាំស្ដាប់ចម្លើយតយ៉ាងអន្ទះសារ។

បន្ទាប់ពីគិតយ៉ាងយូរ​ពុកដាក់កាសែតចុះ​និយាយបន្តរថាៈ

-បើកូនចង់មាន​កូនត្រូវយល់ដឹងពីវិធីរកលុយ…..

-តើខ្ញុំត្រូវទៅរៀនវិធីនេះនៅកន្លែងណា?

-ប្រើខួរក្បាលមើល៍​!ពុកឆ្លើយហើយញញឹមដែលហាក់ជាប្រាប់ថា”ពុកប្រាប់ឯងបានត្រឹមតែប៉ុណ្ណឹងទេ!”ឫក៏”ពុកមិនដឹងដែរ​កុំសួរដេញដោលឱ្យពុកទាល់​ច្រកអី!”

ក្រុមហ៊ុន….

​​​​​​              ព្រឹកស្អែកឡើងខ្ញុំរៀបរាប់រឿងនោះឱ្យម៉ៃមិត្តរបស់ខ្ញុំស្ដាប់

-យើងធ្វើយ៉ាងដូចម្ដេចទើបមានលុយ?​ម៉ៃ​សួរ។

-​គ្នាមិនដឹងដែរ…ឯងចូលហ៊ុនដែរឬទេ?​ខ្ញុំសួរ​ម៉ៃ

ក្រុមហ៊ុនរបស់យើងចាប់ផ្ដើមឡើងនៅព្រឹកថ្ងៃនោះ។​យើងបានចំណាយពេលមួយព្រឹកដើម្បីរិះគិតរកមុខជំនួញឱ្យក្រុមហ៊ុនរបស់យើង។ជួន​កាលចិត្តក៏រេទៅគិតពីមិត្តដែលនាំគ្នាទៅដើរលេងម្ដងៗ។​ប្រហែលជាពួកគេកំពុងតែសប្បាយហើយមើលទៅ​ខ្ញុំលួចសោកស្ដាយតិចៗ​។ការទទួល​អារម្មណ៍ដូចនេះហើយ​ដែលវាបានជំរុញឱ្យខ្ញុំមានបំណងប្រាថ្នាកាន់តែច្រើនឡើងថែមទៀត​។​ទីបំផុតរសៀលថ្ងៃនោះហាក់ដូចជាមានអ្នកណាម្នាក់​បើកភ្លើងបំភ្លឺឡើងភ្លែត​ក្នុងខួរក្បាលរបស់យើងនោះគឺ​ជាគំនិតដែលម៉ៃបានមកពីសៀវភៅវិទ្យាសាស្ដ្រដែលគេធ្លាប់បានអាន​។

ចាប់ពីថ្ងៃនោះមក​អស់រយៈពេលជាច្រើនសប្ដាហ៍​ខ្ញុំនិងម៉ៃរត់ចុះឡើងសុំបំពង់ថ្នាំដុសធ្មេញពីអ្នកជិតខាង។​ចាស់ៗបានសហការយ៉ាងល្អ​អ្នកខ្លះចឹង់ដឹងថា​តើយើងយករបស់ទាំងនេះទៅធ្វើអ្វី?​

​               -ប្រាប់មិនបានទេ… វាជាអាថិកំបាំងក្នុងមុខជំនួញ!​… យើងបដិសេធ។​

មើលទៅម៉ែខ្ញុំ​គាត់ដូចមិនសូវពេញចិត្តប៉ុន្មានទេ​ព្រោះយើងបានស្តុកវត្ថុធាតុដើមទុកក្នុងឡាំង​កាន់តែច្រើនឡើងៗ​។លុះដល់ថ្ងៃមួយ​ម្ដាយខ្ញុំមិន​អាចអត់ទ្រាំមើលគំនរបំពង់ថ្នាំដុសធ្មេញគររកេតរកូតទៀតបាន​គាត់ក៏សួរខ្ញុំថា‌:

-ពួកឯងគិតនាំគ្នាធ្វើអ្វី?​ប្រមូលទុកដាក់ឱ្យស្រួលបើមិនអ៊ីចឹងទេម៉ែយកទៅបោះចោលអស់ឥឡូវហើយ!…

-ពួកខ្ញុំសុំពេលតែមួយអាទិត្យទៀតទេ។​ប្រហែលជា​២-៣​ថ្ងៃទៀតមានផ្ទះជាច្រើនគេនឹងប្រើថ្នាំដុសធ្មេញអស់​​យើងក៏នឹងបានវត្ថុធាតុដើមគ្រប់គ្រាន់​ហើយ​ចាប់ផ្ដើមផលិតបានភ្លាម។​ខ្ញុំនិង​ម៉ៃជួយគ្នាអង្វរម៉ែ។គាត់ក៏យល់ព្រម។

-ថ្ងៃមួយឪពុកខ្ញុំនិងមិត្តរបស់គាត់បានបើកឡានចូលមកមើលយើងទាំងពីរនាក់កំពុងនាំគ្នាធ្វើការផលិតដោយម្សៅពណ៍សកំពប់ប្រតេកប្រតាកពាសពេញ​មានប្រអប់ទឹកដោះគោ​ដែលយើងបានប្រមូលមកពីសាលារៀននៅលើតុ​និងមានចង្ក្រាន​ដែលក្នុងចង្ក្រាននោះមានធ្យូងកំពុងឆេះក្ដៅគគុក។

ពេលដែលបំពង់ថ្នាំដុសធ្មេញរលាយក្លាយជាវត្ថុរាវអស់ហើយទើបយើងចាក់ដាក់ក្នុងរន្ធមូលៗលើប្រអប់ទឹកដោះគោដេលមានកំបោរនៅក្នុង​ប្រអប់ជាពុម្ព។​ខ្ញុំប្រញាប់ប្រញាល់ពេក​រហូតដល់ធ្វើឱ្យកំពប់កំបោរពាសពេញ។

-ប្រយ័ត្ន!ៗ!… ពុកប្រាប់។ខ្ញុំងក់ក្បាលទទួលដឹងដោយមិនមានពេលងើបមុខមើលពុក​រហូតដល់ចាក់វត្ថុរាវហើយរួចរាល់។

-នាំគ្នាធ្វើអ្វីហ្នឹង?… ពុកខ្ញុំសួរ។

-ធ្វើដូចពុកប្រាប់នោះអី​យើងនឹងមានហើយ!ខ្ញុំឆ្លើយ។

-បាទ!​…ម៉ៃងក់ក្បាលគាំទ្រ។​យើងមានហ៊ុនជាមួយគ្នា។

-ចុះហ្នឹងពូម្ពអ្វីទៅ?

-ពុកចាំតែមើលទៅ​ជិតរួចរាល់ហើយ!​ខ្ញុំយកញញួរគោះតិចៗពុម្ពក៏របូតចេញបង្ហាញឱ្យឃើញកាក់ខាងក្នុង។

-ហ្អេ!…នេះកូនកំពុងស្លសំណធ្វើជាកាក់មែនទេ?

-បាទមែន!​ដូចពុកប្រាប់នោះអីយើងកំពុងធ្វើលុយ។

មិត្តរបស់ពុកសើចហួសចិត្ត។​ពុកញញឹមផង​គ្រវីក្បាលផងសម្លឹងមកក្មេងប្រុសទាំងពីរដែលកំពុងតែញញឹមភ្លេចខ្លួន។ពុកបបួលយើងទៅអង្គុយនៅលើ​ជណ្ដើរថ្មហើយពន្យល់ពាក្យថា”លុយក្លែងក្លាយ”​ឱ្យយើងទាំងនាក់ស្ដាប់។

-មានន័យថា​វាខុសច្បាប់មែនទេ?​ម៉ៃសួរ។

-បណ្ដោយតាមតែក្មេងៗទៅ!…​បែបនេះចាត់ទុកថា​គេមានគំនិតចាប់ផ្ដើមវិសេសណាស់ទៅហើយ!…មិត្តរបស់ពុកនិយាយ។

-ការធ្វើលុយក្លែងក្លាយវាខុសច្បាប់មែន!តែគេទាំងពីរនាក់មានគំនិតច្នៃប្រឌិត។ពុកមានមោទនភាពនឹងឯងទាំងពីរខ្លាំងណាស់។​

​​ម៉ៃនិងខ្ញុំអង្គុយសំកុកសោកស្ដាយនឹងការខកបំណងប្រមាណ១០នាទី។​បន្ទាប់មក​ទើបក្រោកឡើងរួចជួយគ្នាធ្វើការសំអាតកន្លែងនោះ។​

មុខជំនួញរបស់យើងបានចាប់ផ្ដើម​និងបញ្ចប់នៅថ្ងៃតែមួយ។​ខ្ញុំសម្លឹងមុខម៉ៃ​ហើយក៏និយាយដោយក្ដីអស់សង្ឃឹមថា​នាងជិមនិយាយត្រូវ​យើងពិតជាក្រមែន…

ពុកបានឮខ្ញុំនិយាយដូចនេះគាត់ឆ្លើយភ្លាមថាៈ

-ស្ដាប់ពុកណា!មានតែអ្នកដែលព្រមចុះចាញ់អ្វីងាយៗនោះទេដែលក្រពិតប្រាកដ។​ការសំខាន់​គឺកូនបានចាប់ផ្ដើមធ្វើក្នុងពេលដែល​មនុស្សជាច្រើនទៀតបានត្រឹមតែគិត​ហើយស្រមៃថានឹងក្លាយជាអ្នកមានតែប៉ុណ្ណោះ។ឯងទាំងពីរនាក់បានចាប់ផ្ដើមនិងបានធ្វើពិតមែន។

ពុកមានមោទនភាពខ្លាំងណាស់​ហើយពុកសុំបញ្ជាក់ថាឯងមិនត្រូវព្រមចុះចាញ់ទេនាំគ្នាព្យាយាមបន្តទៀតឯងយល់ឫទេ?

ពាក្យសំដីផ្ដល់កំលាំងចិត្តរបស់ពុកស្ដាប់ទៅល្អមែន។ប៉ុន្តែយើងសម្លឹងរកច្រកចេញមិនទាន់ឃើញនៅឡើយទេ។

-ចុ៎ះ!…តើហេតុអ្វីបានជាពុកមិនមាននឹងគេ?​ខ្ញុំសួរពុក។

-ព្រោះពុកជ្រើសរើសធ្វើជាគ្រូ!…គ្រូមិនចាប់អារម្មណ៍ពីរឿងមានបានទេ។ពុកចូសចិត្តតែបង្រៀនពិកមិនដឹងវិធីរកលុយច្រើនៗ​ពុកមិនដឹងជួយ​កូនយ៉ាងម៉េចទេបានពិតមែនណ៎ា!…

ខ្ញុំនិងម៉ៃចាប់ផ្ដើមបោសសំអាតបន្តរទៀត។

-បើឯងទាំងពីរចង់ដឹងវិធីធ្វើឱ្យមាន​នាំគ្នាទៅសួរពុករបស់ម៉ៃ​ល្អជាង។

-ពុកខ្ញុំ?…​ម៉ៃសួរដោយនឹកចម្លែកក្នុងចិត្ត​។

-មែន!​ពុករបស់ឯង។​បុគ្គលិកធនាគារម្នាក់បានរៀបរាប់ឱ្យពុកឯងស្ដាប់ថា​ពុកឯងពូកែរកលុយណាស់។

-ពិតមែនឬ?​ម៉ៃនៅមិនទាន់ជឿ។

-ចុះហេតុអ្វីបានជាយើងនៅមិនទាន់មានរថយន្ដស្អាតៗជិះ​មិនទាន់មានផ្ទះថ្មីធំៗនៅដូចក្មេងៗកូនអ្នកមានឯសាលារៀន?

​​

Advertisements
This entry was posted in Uncategorized. Bookmark the permalink.